នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ទឹកគឺជាធនធានដ៏មាន សារៈសំខាន់សម្រាប់ទ្រទ្រង់ភាវៈមានជីវិត និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក៏ប៉ុន្តែធនធានទាំងនេះកាន់តែខ្សត់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារសកម្មភាពអវិជ្ជមានរបស់មនុស្ស ការប្រែប្រួលអាកាសធាតុ កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដែលធ្វើឱ្យប៉ះពាល់ប្រភពទឹក គុណភាពទឹក និងបន្តដាក់សម្ពាធខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ី។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះ កម្ពុជាក៏ដូចជាបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងសកលលោកកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងអាចជួបប្រទះភាពមិនប្រាកដប្រជានៃប្រភពធនធានទឹកនាពេលអនាគត បើសិនគ្មានកិច្ចសហការទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ៕