រដ្ឋបាលសាលាខេត្តតាកែវ រៀបចំពិធីសូត្រមន្ត បង្សុកូល អបអរសាទរថ្មី និងសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហត្បត៍ ទី១១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី សុំសេចក្ដីសុខ ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសាករាជ ២៥៦៨ ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី និងសុំជួយដល់ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តតាកែវ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តតាកែវ ឱ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួន និងបានធ្វើការបួងសួង សុំពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឱ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រុំទទួលទេវតាឆ្នាំថ្មីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងលោកយាយ លោកតា អញ្ជើញចូលរួមផងដែរ ៕