កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងរាប់បាត្របង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ បង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជន និងបណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងសហការីនៃកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។
ក្នុងពិធីដែលបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនានេះ បានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី និងនិវត្តជននៃទីស្នាក់ការកណ្តាល ទីប្រឹក្សាយុវជនតាមគ្រឹះស្ថានឧត្តមសិក្សា យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជនជាច្រើននាក់។
ពិធីបែបសាសនានេះដែរ កាកបាទក្រហមកម្ពុជា ក៏តែងតែបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងថ្នាក់ដឹកនាំ និងសហការី បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះ មហាគ្រួសារកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្រៅពីនោះក៏មានទេយ្យទានដែលប្រគេនដល់វត្តប្រជុំនទី (ក្រពើហារ)ផងដែរ សម្រាប់ជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ព្រមទាំងព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលទេយ្យវត្ថុទាំងនោះរួមមាន៖ អង្ករ ៥តោន, មី ៥០កេស, ត្រីខ ៥កេស, ស្ករស ២៥គីឡូក្រាម, ភេសជ្ជៈ ២០កេស, ទឹកបរិសុទ្ធ ១០កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ២គីឡូក្រាម, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម និងថវិកា ៤០លានរៀល។ ក្នុងនោះរាប់បាត្រប្រគេនព្រះសង្ឃ ៥អង្គ ក្នុង ១អង្គៗប្រគេន ចង្ហាន់ ១ស្រាក់, បង្អែម ១កាតូ, ផ្លែឈើ ១កន្ត្រក និងសាដក១។ ប្រគេន ព្រះចៅអធិការវត្ត បច្ច័យចំនួន ៥លានរៀល។ ប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុង១អង្គៗ បច្ច័យ ១លានរៀល។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ដចម្រើនព្រះបរិត្តនាំសិរីសួស្តី និងបង្សុកូលឧទ្ទិសកុសល ដល់វិញ្ញណក្ខន្ធបុព្វការីជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏មានក្រុមសិល្បករ សិល្បការិនី បានសម្តែងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រុព្វចង្រៃផងដែរ។
គួរបញ្ជាក់ថា ពិធីតាមបែបសាសនានេះប្រារព្ធឡើង ជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរ ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតា ឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០៖២៤ នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕