ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល កំពុងដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ មានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន៣,៣៣១៤នាក់ ហើយត្រូវជ្រើសរើសយកតែ ៤៤១កន្លែងតែប៉ុណ្ណោះ។
កិច្ចប្រជុំនារសៀលនេះ នឹងមានការពិភាក្សាលើការងារបច្ចេកទេសជាច្រើនរួមមានការកំណត់កាលបរិច្ឆេទ និងមណ្ឌលប្រឡង និងព័ត៌មាននានា សំដៅដល់ការធានាការប្រព្រឹត្តិទៅការប្រឡងដោយរលូន មានរបៀបរៀបរយ និងអនុលោមគោលការណ៍ និងនិយាមបីតិវិធីប្រតិបត្តិដែលបានកំណត់។
សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងអាណត្តិទី៧ ត្រូវបានរៀបចំឡើងចំនួន៥លើករួចមកហើយ ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៕