ប្រជាពលរដ្ឋមកពីគ្រប់ទិសទីរីករាយសាទរសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤ និងសមិទ្ធផលថ្មីនៃការអភិវឌ្ឍក្រោមម្លប់សន្តិភាព
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានមកជួបជុំគ្រួសារសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ដែលមានរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនខុសពីបណ្តាស្រុកភូមិនានាទូទាំងប្រទេស ប្រជាជនប្រុសស្រី ក្មេងចាស់ អញ្ជើញមកពីគ្រប់ទិសទី បានលេងល្បែងប្រជាប្រិយ សំដែងសិល្បះរបាំ ពិព័រណ៍ស្នាដៃនៃការរីកចម្រើនតាមភូមិដ្ឋាន និងការរាំកម្សាន្ត តាមចង្វាក់ប្រពៃណីជាតិ នៅក្នុងសង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤ នាឧទ្យានទន្លេស្ងួត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪ នាថ្ងៃទី១២ មេសា ឆ្នាំ២០២៤ ថា ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ក្នុងឱកាសចូលឆ្នាំថ្មី ដើម្បីទទួលទេវតាឆ្នាំថ្មី និងបានបំផុសឱ្យប្រជាជនកម្ពុជា រួមសាមគ្គីភាព ខ្មែរតែមួយ ហើយក៏បានឆ្លុះបញ្ចាំងនូវអ្វី ដែលយើងទទួលបាននៅពេល សមិទ្ធផលថ្មី ដែលរាជរដ្ឋាភិបាល ដែលបានដឹកនាំ ដោយគណបក្សប្រជាជន បានផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍឧទ្យានទន្លេស្ងួត ដែលមានបរិស្ថានល្អ ជារមណីដ្ឋានដ៏ទាក់ទាញ មានកន្លែងកម្សាន្តបែបធម្មជាតិ ព្រមទាំងជួយបង្កើនជីវភាពប្រជាពលរដ្ឋ មូលដ្ឋានមួយកម្រិតទៀត។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា។
នៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកនៅស្រុកអូររាំងឪ ទាំងអាជ្ញាធរទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានសំដែង សេចក្តីសប្បាយរីករាយ និងបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ទទួលទេវតាឆ្នាំថ្មី ដោយធ្វើការធ្វើការសំអាតអនាម័យបរិស្ថាន ទុកដាក់សំរាមបានត្រឹមត្រូវ ចូលរួមកាត់បន្ថុយការប្រើប្រាស់ប្លាស្ទិក និងរៀបចំសង្រ្កាន្ត ក្នុងបរិយាកាសរីករាយបំផុត ៕