ភ្ញៀវទេសចរជិត ៤០ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពតក្នុងរយៈពេលពីរថ្ងៃនៃពីធីបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មីៗ អាជ្ញាធរខេត្តបានរៀបចំតុបតែងលម្អភ្លើង កម្មវិធីកំពតសង្ក្រាន្ត បានល្អ ទាក់ភ្នែក ធ្វើឱ្យទេសចរណ៍ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយចង់មកលេងផ្ទាល់។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តសម្រុកចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៣ និង១៤ ខែមេសា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់ បានមកដើរលេងសម្រាកកម្សាន្តតាមតំបន់សំខាន់ៗក្នុងក្រុង និងតាមរមណីយដ្ឋាននានាក្នុងខេត្ត។
លោកប្រធានមន្ទីរ បានបន្តថា ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុកពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបានទៅតាមតម្រូវការរបស់ភ្ញៀវ។
ជារួមស្ថានភាពទេសចរនៅខេត្តកំពតល្អប្រសើរគ្មានអ្វីគួរឱ្យកក់សម្គាល់នោះទេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសប្បាយរីករាយ ក្នុងការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ និងការលេងបាញ់ទឹកជាដើម ៕