៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលបានភ្ញៀវទេសចរជិត ១លាន ៤សែននាក់
ភ្នំពេញ៖ ក្នុងរយ:ពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលភ្ញៀវទេសចរចូលមកលេងកម្សាន្តបានប្រមាណជិត ១លាន ៤សែននាក់ បានមកសម្រាកកម្សាន្តក្នុងខេត្ត និងដើរលេងកម្សាន្តតាមរមណីយដ្ឋាននានា និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តចំនួន ១.៣៩៩.៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១.៣៩៦.៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន៣.១២២នាក់។
លោកប្រថានមន្ទីរបានឱ្យដឹងបន្ថែមថា ចំពោះគោលដៅទេសចរណ៍ដែលកំពុងមានភាពទាក់ទាញក្នុងខេត្តកំពត គឺរូបសំណាកសេះសមុទ្របាញ់ទឹក ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលភាគច្រើនគឺបានមកលេងកម្សាន្តនៅទីនោះ រួមជាមួយនឹងការថតរូបអនុស្សាវរីយ៍ផងដែរ។ ទន្ទឹមនឹងនោះ តំបន់ត្រជាក់ នៅរង្វង់មូលទុរេនខេត្តកំពត ក៏ជាទីតាំងទាក់ទាញមួយផងដែរ ខណៈតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។
លោកប្រធានមន្ទីរក៏បានបញ្ជាក់បន្ថែមថា ចំពោះស្ថានភាពទូទៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺប្រព្រឹត្តទៅដោយរលូន គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕