ឯកឧត្តម ប្រាក់ សុខុន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមណ្ឌលសុខភាពរុនតាឯក
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយ លោកជំទាវ ភរិយាអភិបាលខេត្ត និងមន្រ្តី អាជ្ញាធរខេត្ត បានឆ្លៀតឱកាសអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពរុនតាឯក ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសូមជូនពរឱ្យបងប្អូនឆាប់បានជាសះស្បើយ បានត្រឡប់ទៅជួបជុំគ្រួរសារវិញ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ព្យាបាល និងមើលថែបងប្អូនក្នុងមូលដ្ឋានឱ្យអស់ពីកម្លាំងកាយចិត្ត។
ឯកឧត្តម និងលោកជំទាវក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាពផងដែរ ៕