រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាក ជុងវ៉ុក (H.E Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ជំនួបនាព្រឹកនេះ បានប្រព្រឹត្តទៅក្រោមបរិយាយកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ។
ជម្រាបទៅកាន់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលបើកទូលាយ និងស្វាគមន៍រាល់ការចូលរួមពីគ្រប់ភាគី ក្នុងការវិនិយោគ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវនូវគម្រោងមួយចំនួន ដែលភាគីកូរ៉េមានចំណាប់អារម្មណ៍ ហើយរំពឹងថាកម្ពុជា និងកូរ៉េ អាចមានគម្រោងលេចធ្លោបន្ថែមទៀត ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលចង់លើកកម្ពស់កម្រិតទំនាក់ទំនងប្រទេសទាំងពីរឱ្យទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នាពេលអនាគត ៕