បទវិភាគ៖កិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់មានអំណោយផលដល់ភាគីទាំងពីរ ហើយក៏កាន់តែមានអំណោយផលដល់ពិភពលោកដែរ
បំពេញទស្សនកិច្ចនៅទីក្រុងចិនចំនួន៣ក្នុងរយៈពេល៣ថ្ងៃ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនដ៏សំខាន់ជាច្រើន ដូចជាក្រុមហ៊ុន SIEMENS ក្រុមហ៊ុន BMW និងក្រុមហ៊ុន Mercedes-Benz ជាដើមអមដំណើរជាមួយគ្នា ទស្សនាសហគ្រាសជាច្រើនដោយផ្តោតលើកិច្ចសហប្រតិបត្តិការច្នៃប្រឌិតថ្មី ។ល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិនបានទទួលការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីមតិសាធារណៈលោកខាងលិច ។
កាលពីថ្ងៃទី១៦ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាជាមួយលោក Olaf Scholz នៅក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការកំណត់ទិសដៅនៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ និងបញ្ហាចំណុចក្តៅក្នុងតំបន់និងអន្តរជាតិ ។ ភាគីចិនបានលើកឡើងថា ចិននិងអាល្លឺម៉ង់គ្មានវិវាទខាងផលប្រយោជន៍ជាមូលដ្ឋាននោះទេ ហើយក៏មិនបង្កជាការគំរាមកំហែងខាងសន្តិសុខទៅវិញទៅមកដែរ ។ កិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកមិនមែនជា “ហានិភ័យ”នោះទេ តែគឺជាការធានាស្ថិរភាពនៃទំនាក់ទំនងរវាងភាគីទាំងពីរនិងជាឱកាសត្រួសត្រាយអនាគត ។ ភាគីអាល្លឺម៉ង់បានថ្លែងថា រីករាយនឹងបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរតទៅទៀត ធ្វើឱ្យកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនលើវិស័យអប់រំនិងវប្បធម៌ជាដើម ។ ប្រការនេះគឺមានសារសំខាន់ចំពោះប្រទេសទាំងពីរអាល្លឺម៉ង់និងចិន ក៏ដូចជាពិភពលោកផងដែរ ។
ព័ត៌មានទាំងនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា ចិននិងអាល្លឺម៉ង់មានគោលជំហរស្រដៀងគ្នាលើបញ្ហាដ៏សំខាន់ជាច្រើន ដូច្នេះ អាចពួតដៃចាក់បំពេញលំនឹងនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោក ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ និម្មាបនកម្មភូមិសាស្ត្រនយោបាយសកលបានប្រែប្រួលយ៉ាងខ្លាំង ហើយការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់ក៏ប្រឈមមុខនឹងការសាកល្បងដែរ ។ ដោយសាររងផលប៉ះពាល់ពីគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ប្រទេសអឺរ៉ុបរហូតដល់ផ្ទៃក្នុងអាល្លឺម៉ង់សុទ្ធតែមានសំឡេងអវិជ្ជមានដែលហៅថា “ការគំរាមកំហែងពីការអភិវឌ្ឍរបស់ចិន” ។ សហភាពអឺរ៉ុបកំពុងបង្កការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះផលិតផលរបស់ចិនដូចជារថយន្តអគ្គិសនីជាដើមដោយយក “ការលុបចោលហានិភ័យ”ធ្វើជាលេស ។
ចុះលទ្ធផលវិញ? មិនថាដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិនលើកនេះក៏ដោយ ឬក៏ការសម្តែងអាកប្បកិរិយានៃមជ្ឈដ្ឋានសហគ្រាសអាល្លឺម៉ង់ដែលរីករាយចិត្តបន្តធ្វើអាជីវកម្មនៅទីផ្សារប្រទេសចិន សុទ្ធតែបានបង្ហាញថា “មូលដ្ឋានគ្រឹះ”នៃទំនាក់ទំនងរវាងចិននិងអាល្លឺម៉ង់នៅតែរឹងមាំ គោលនយោបាយចំពោះប្រទេសចិននៃរដ្ឋាភិបាលអាល្លឺម៉ង់នៅតែរក្សាឥរិយាបថប្រកបដោយវិចារណញ្ញាណនិងប្រាកដប្រជាដដែល ។ មតិអាល្លឺម៉ង់មួយចំនួនបានយល់ឃើញថា មិនថាឆ្លើយតបនឹងបញ្ហាប្រឈមនៃការបង្អង់ល្បឿននៃសេដ្ឋកិច្ចរបស់ខ្លួន ឬក៏ដោះស្រាយវិបត្តិអ៊ុយក្រែនក៏ដោយ ក៏អាល្លឺម៉ង់សុទ្ធតែចាំបាច់ត្រូវស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនិងទីបីលើពិភពលោក ទីផ្សាររបស់ប្រទេសទាំងពីរចិននិងអាល្លឺម៉ង់ពឹងផ្អែកគ្នាយ៉ាងខ្លាំង ហើយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចមានភាពធន់ណាស់ ។ បច្ចុប្បន្ននេះ មានសហគ្រាសអាល្លឺម៉ង់លើសពី៥ពាន់បានធ្វើអាជីវកម្មនៅទីផ្សារប្រទេសចិន ។ តាមស្ថិតិនៃធនាគារកណ្តាលអាល្លឺម៉ង់ឱ្យដឹងថា នៅឆ្នាំ២០២៣ ការវិនិយោគផ្ទាល់នៅប្រទេសចិនរបស់អាល្លឺម៉ង់បានកើនឡើង៤,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២ គឺមានទំហំសរុបឡើងដល់១ម៉ឺន១ពាន់៩រយលានប្រាក់អឺរ៉ូ ដែលបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ តាមទិន្នន័យនៃរដ្ឋបាលស្ថិតិនៃសហព័ន្ធអាល្លឺម៉ង់ឱ្យដឹងថា នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីអាល្លឺម៉ង់និងចិនគឺ២សែន៥ម៉ឺន៣ពាន់១រយលានប្រាក់អឺរ៉ូ ហើយចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់លើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ពេលទៅបំពេញទស្សនកិច្ចនៅក្រុង Chongqing និងក្រុងសៀងហៃ លោក Olaf Scholz បានទៅទស្សនាសហគ្រាសថាមពល អ៊ីដ្រូហ្សែន ដែលមានការវិនិយោគទុនរបស់អាល្លឺម៉ង់និងមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៃសហគ្រាសអាល្លឺម៉ង់ដោយឡែកពីគ្នា ។ នេះបានបង្ហាញពីបំណងវិជ្ជមានរបស់ភាគីអាល្លឺម៉ង់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មងើបឡើងថ្មីរវាងចិននិងអាល្លឺម៉ង់មានភាពកាន់តែស៊ីជម្រៅ ។
កិច្ចសហប្រតិបត្តិការរវាងចិននិងអាល្លឺម៉ង់មានអំណោយផលដល់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់ពិភពលោកដែរ ។ ចិននិងអាល្លឺម៉ង់ធ្វើឱ្យគូភាគីមានភាពកាន់តែប្រសើរឡើង ដែលនឹងរួមចំណែកកម្លាំងកាន់តែធំក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ហើយវាក៏នឹងកំចាត់ចោល “សំឡេងរំខាន”ដែលបំផ្លាញសន្តិភាពនិងការអភិវឌ្ឍពិភពលោកទាំងនោះផងដែរ ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន