សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា ថយចុះ ៣០% បើធៀបទៅនឹងឆ្នាំមុន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤នេះ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា បានថយចុះប្រមាណ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។
បើតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ស្ថិតិពលរដ្ឋខ្មែរ និងទេសចរបរទេសដើរ លេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ មាន ប្រមាណ ២១.៧០ លាននាក់ ខណៈទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់ ។
ក្នុងឱកាសអញ្ជើញ សម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី១៩ មេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំ ឆ្នាំនេះមានការសប្បាយរីករាយ នៅគ្រប់រាជធានី-ខេត្ត ស្រុក-ក្រុង សាលារៀន វត្តអារាម ព្រមទាំងទីកន្លែងសាធារណៈ ដោយពលរដ្ឋ បានលេងល្បែងប្រជាប្រិយខ្មែរ យ៉ាងផុសផុល។
ទន្ទឹមគ្នានោះដែរសម្ដេចធិបតី បានទទួលស្គាល់ថា ចូលឆ្នាំខ្មែរក៏មានបាតុភាពអវិជ្ជមានកើតឡើងតិចតួចដែរ ខណៈបទល្មើសនានាមានការថយចុះបើធៀបទៅនឹងឆ្នាំមុន។
សម្ដេចធិបតីបញ្ជាក់ថា «បាតុភាពអវិជ្ជមាន ដូចជា ការឈ្លោះគ្នា ការវៃគ្នា ក៏មិនមានច្រើន ហើយបញ្ហាអសន្ដិសុខផ្សេងៗថយចុះ ៣០% ឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំទៅ ហើយការលេង ដោយគោរពគ្នា ហើយនេះជាស្មារតី នៃការអបអរសាទរ របស់ប្រជាជាតិខ្មែរយើង សម្រាប់បុណ្យចូលឆ្នាំថ្មីយើងនេះ» ៕