គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ ២០២៤-២០២៨
ភ្នំពេញ៖ នៅសាលាខេត្តតាកែវ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ ២០២៤-២០២៨ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្នងការដ្ឋាន ពន្ធនាគារ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់នៃខេត្តតាកែវ សរុបចំនួន ៤២០រូប។
កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានមតិស្វាគមន៍របស់ឯកឧត្តមអភិបាលខេត្ត និងមតិបើក មតិបិទ ព្រមទាំងបទបង្ហាញចំណុចគន្លឹះៗនៃផែនការយុទ្ធសាស្ដ្រដោយ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានស្ដីទីនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។
កិច្ចប្រជុំនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរយៈពេល៥ឆ្នាំ សំដៅធានាឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តតាកែវអាចរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាដល់ការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តនេះឱ្យសម្រេចបាននូវលទ្ធផលរំពឹងទុក និងសូចនាករដែលបានកំណត់៕