អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសពីលទ្ធផលនៃអង្គសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹក៖ ទស្សនវិស័យពីកម្ពុជា
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ រដ្ឋសភាកម្ពុជា ក្នុងតួនាទីជាអនុប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានគាំទ្រដល់ ការរៀបចំ «សិក្ខាសាលាស្តីពីចក្ខុវិស័យទឹក៖ទស្សនវិស័យពីកម្ពុជា ដែលសហការរៀបចំដោយ ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council-AWC) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute-AVI) នៅសណ្ឋាគារ ហៃយ៉ាត់ រីផែនស៊ី ភ្នំពេញ ដើម្បីចែករំលែកនូវបច្ចេកវិទ្យា នវានុវត្តន៍ និងបទពិសោធថ្មីៗ នៅក្នុងកិច្ចការ អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាពពីកម្ពុជានិងសាធារណរដ្ឋកូរ៉េ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋ សភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកអង្គ សិក្ខាសាលា និងមានការចូលរួមពីសមាជិករដ្ឋសភាមកពី គណៈកម្មការទី៣ គណៈកម្មការទី៥ និងគណៈកម្មការទី ទី៩ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋបាលរាជធានី-ខេត្ត វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាទឹកអាស៊ី (AWC) រដ្ឋាករទឹកកូរ៉េ (K-water) អង្គការ KOICA និងធនាគារ KEXIM ។
សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនជំនាញលើប្រធានបទចំនួន ៤ រួមមាន៖ ១. ធនធានទឹក ២. ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ៣.ការអភិវឌ្ឍទីក្រុង និង៤. ការប្រើប្រាស់ផ្កាយរណបគ្រប់គ្រង ធនធានទឹក ហើយបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធយ៉ាងផុលផុស អំពីស្ថានភាពជាក់ស្តែង និងចក្ខុវិស័យទឹកនៅកម្ពុជានិងកូរ៉េ។ ជាមួយគ្នានេះ ក៏បានឈ្វេងយល់បន្ថែមអំពីបញ្ហាប្រឈម ក៏ដូចជាកាលានុ វត្តភាព ដើម្បីជំរុញការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យទឹកនៅកម្ពុជាទៅតាមស្ថានភាពតម្រូវការជាក់ស្តែង។
អង្គសិក្ខាសាលាបានកត់សម្គាល់ថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមសកល ដែល បង្កឡើងដោយកត្តាសំខាន់ៗដូចជា ការកើនឡើងនៃឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ឥន្ធនៈផូស៊ីលនិងធ្យូងថ្ម កសិកម្ម ការកើនឡើងនៃចំនួនប្រជាជនពិភពលោក និងការរេចរឹលនៃគម្របព្រៃឈើពិភពលោកជាដើម។ វិបត្តិ អាកាសធាតុ បានក្លាយជាប្រធានបទសកល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ទាំងប្រទេសតូចនិងប្រទេសធំ ទាំងស្ថាប័ននីតិបញ្ញាត្តិ រដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល។ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ បានរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែ ប្រួលអាកាសធាតុ ស្របពេលដែលចំនួនប្រជាជននិងការកើនឡើងនៃនគរូបនីយកម្ម បញ្ហាទឹកក៏បានក្លាយជា បញ្ហាប្រឈមភ្ជាប់ទៅនឹងការរីកចម្រើននៃទីក្រុង របទៅនឹងការរីកចម្រើ ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាជនទាំងនៅទីប្រជុំជន និងជនបទ ក៏ដូចជាកសិកម្ម និងឧស្សាហកម្មផងដែរ។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី បាននិងកំពុងបន្តដឹកនាំអភិវឌ្ឍកម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ដោយបានបន្ត កំណត់យកវិស័យ «ទឹក» ជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ជាលទ្ធផល អង្គសិក្ខាសាលាបានដាក់ចេញជាអនុសាសន៍គោលនយោបាយ សម្រាប់ការអភិវឌ្ឍវិស័យ ទឹកនៅកម្ពុជា ដោយផ្អែកលើធាតុចូលសំខាន់ៗ ដែលទទួលបានពីអង្គសិក្ខាសាលានាថ្ងៃនេះ។
អង្គសិក្ខាសាលា បានប្រារព្ធពិធីបិទបញ្ចប់ប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាដ៏ល្អ ក្រោមអធិបតី ភាពឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) នៅវេលាល្ងាចថ្ងៃដដែល ៕