សម្តេចធិបតី៖ ដើម្បីពង្រឹងសុខភាពប្រជាពលរដ្ឋ យើងត្រូវពង្រឹងពេទ្យរបស់យើង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យសុខាភិបាល ពោលបើយើងចង់ពង្រឹងសុខភាពប្រជាពលរដ្ឋ គឺយើងត្រូវពង្រឹងពេទ្យតែម្តង។
សម្តេចធិបតី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ហើយមុំទី៣ នៃបញ្ចកោណទី១នោះ គឺការលើកកម្ពស់សុខភាពនិងសុខមាលភាពប្រជាជន ជាកិច្ចការដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិនិងគ្រួសារ ហើយប្រសិនជាប្រជាពលរដ្ឋមានសុខភាពល្អ នោះប្រទេសជាតិនឹងមានកម្លាំងរឹងមាំ ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕