សម្តេចធិបតី៖ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់មានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប នៅឆ្នាំ២០៣០
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០៣០ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងក្លាយទៅជាមន្ទីរពេទ្យតំបន់ ដែលមានទំហំធំ និងបំពាក់ដោយឧបករណ៍ទំនើប។
នាឱកាសអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប តម្លៃជិត ២០លានដុល្លារ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ ហើយរាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ ៕