សម្តេចធិបតី៖ អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មានសមត្ថភាពវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អគារវះកាត់ថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនផងដែរ ដែលបានពង្រីកសេវាពិនិត្យ-ព្យាបាលជំងឺជូនប្រជាពលរដ្ឋកាន់តែទំនើប។
ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីដែលមានកម្ពស់៤ជាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា «សមត្ថភាពនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ មានសមត្ថភាពអាចវះកាត់ព្យាបាលខួរក្បាល និងការវះកាត់មួយចំនួន ដូចជាសរីរាង្គខាងក្នុង អ៊ីចឹងសេវាមួយចំនួនអាចព្យាបាលនៅទីនេះបាន»។
សម្ដេចធិបតីបន្តថា សេវាព្យាបាលខ្លះមិនអាចចាំយូរទេ ដូចជាការដាច់សរសៃឈាម មិនអាចចាំ១ម៉ោង២ម៉ោងទេ បើទុកយូរហួសពេល អាចគ្រោះថ្នាក់ដល់ជីវិត។
សម្ដេចបានបញ្ជាក់ទៀតថា ទោះបីយើងមិនចង់ឱ្យមានអ្នកឈឺច្រើន តែយើងក៏ត្រូវតែបង្ការក្នុងពេលចាំបាច់។
សម្ដេចបន្ថែមថា ក្រៅពីការព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងខេត្តជុំវិញ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះក៏អាចទទួលព្យាបាលអ្នកទេសចរផងដែរ ខណៈខេត្តសៀមរាបជាប៉ូលទេសចរណ៍ស្រាប់ ៕