ក្លិបអ្នកកាសែតកម្ពុជា អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយរូបភាពបង្ហាញភាពឃោរឃៅ
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពបង្ហាញភាពឃោរឃៅ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែលជារនាំងការពារដ៏រឹងមាំ សម្រាប់អ្នកសារព័ត៌មាន។
ការអំពាវនាវនេះ ដោយសារមួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា បានសង្កេតឃើញថា មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ជាក់ស្តែងថ្មីៗនេះ ទាំងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូនៃអំពើឃោរឃៅទៅលើស្ត្រីម្នាក់នៅក្នុងបុរីមួយស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក.អ.ក ក៏បានចាត់ទុកការផ្សព្វផ្សាយនោះប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្វើឲ្យ ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕