ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់នូវសំណូមពរ និងបញ្ហាប្រឈម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានបន្តដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សស្រុក និងឃុំ ស្រុកថ្ពង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្ស។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានអញ្ជើញប្រធានគណៈកម្មាធិការ គណបក្សស្រុក ដើម្បីរបាយការណ៍អំពីស្ថានភាពនៃការងារគណបក្ស និងលើកពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈម និងសំណូមពរ ពិសេសនោះគឺការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ។
បន្ទាប់មកឯកឧត្តមបានផ្តល់ឱកាស ជូនប្រធានគណៈកម្មាធិការគណបក្សឃុំ និង ក្រុមការងារគណបក្សចុះជួយឃុំឡើងមានមតិ ចែករំលែកបទពិសោធន៍ និងលើកឡើងនូវបញ្ហាដែលជួបប្រទះ។
ក្រោយពីស្តាប់របាយការណ៍ ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការគណបក្សឃុំ សង្កាត់ ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំដ៏មហាញឹក មកចូលរួមចូលរួមផ្តល់រាយការណ៍ ផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។
ឯកឧត្តមក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារ គណៈកម្មាធិការគណបក្ស ស្រុក ឃុំ ដែលបានរួមគ្នា ពុះពារនាំមកនូវភាពជោគជ័យជូនគណបក្សនាពេលកន្លងមកផងដែរ៕