ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេជ័យលាភី ស្ថិតនៅ ស្រុកបាណន់ និងគម្រោងស្តារទ្បើងវិញសំណង់ស្ទាក់ទឹកសាលាតាអន ស្ថិតនៅស្រុកឯកភ្នំ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេជ័យលាភី ស្ថិតនៅ ស្រុកបាណន់ និងគម្រោងស្តារទ្បើងវិញសំណង់ស្ទាក់ទឹកសាលាតាអន ស្ថិតនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកប្រធាននាយកដ្ឋានវិស្វកម្មមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្ដារប្រឡាយមេជ័យលាភីសម្រេចបានប្រមាណ៧៥% ក្នុងនោះការងារស្តារប្រឡាយមេជ័យលាភី ប្រវែង ៦៥០០ម៉ែត្រ សម្រេចបានប្រមាណ៨០% និងការងារជួសជុលសាងសង់សំណង់សិល្បការចំនួន ១៤កន្លែងសម្រេចបានប្រមាណ៧០%។
គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៧៨០ហិកតា និងរដូវប្រាំងចំនួន ៣២០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១ ៨៨៣គ្រួសារ ទទួលផលពីគម្រោងនេះ។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ថា ចំណែកឯ គម្រោងស្តារទ្បើងវិញសំណង់ស្ទាក់ទឹកសាលាតាអន គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៣០% ហើយគម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១ ៣៨៥ហិកតា និងរដូវប្រាំងចំនួន ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ២០ហិកតា ដោយមានប្រជាពលរដ្ឋប្រមាណ ១ ៩៨៥គ្រួសារ ទទួលផលពីគម្រោងនេះ៕