សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយដល់ពលរដ្ឋក្រីក្រ ត្រូវភ្លើងឆេះផ្ទះ ក្នុងស្រុកជលគិរី
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្ក សី៥០សន្លឹក ស៊ីម៉ង់ត៍០៤បេ ទឹកត្រី; ទឹកស៊ីអ៉ីវ; ត្រីខ; មី០២កេះ មុង០២ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង នៅភូមិពាមជ្រៃ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសាររងគ្រោះដែលបាត់បង់ផ្ទះសម្បែងអស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក ។
ឯកឧត្តម មេបញ្ជាការ បានណែនាំដល់ក្រុមគ្រួសារម្ចាស់ផ្ទះរងគ្រោះទៅថ្ងៃខាងមុខត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ ។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឡើងវិញ ឲ្យបានសមរម្យ នឹងបានឆាប់រហ័សផងដែរ ៕