ឯកឧត្តម ប៊ុន ហុន ដឹកនាំប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រស្ដីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨
ភ្នំពេញ៖ នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ ២០២៤-២០២៨ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ស្នងការដ្ឋាន ពន្ធនាគារ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់នៃខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងនៃរដ្ឋបាលខេត្តស្វាយរៀង ព្រមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរយៈពេល៥ឆ្នាំ សំដៅធានាឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តស្វាយរៀង អាចរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាដល់ការចូលរួមអនុវត្តផែនការ យុទ្ធសាស្រ្តនេះឱ្យសម្រេចបាននូវលទ្ធផលរំពឹងទុក និងសូចនាករដែលបានកំណត់៕