ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងខេត្តសៀមរាប
ភ្នំពេញ៖ ប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម លោក ថាំង វីយុទ្ធដា អមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេសបានចុះពិនិត្យវឌ្ឍនគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមលោកប្រធាននាយកដ្ឋានវិស្វកម្មបានឱ្យដឹងថា វឌ្ឍនភាពការងារគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ ៣០% ក្នុងនោះការងារជួសជុលទំនប់អាងទឹកសួង៧៨ ប្រវែង ៤,២០០ម៉ែត្រ សម្រេចបាន ៤០% និងការងារជួសជុលសាងសង់សំណង់សិល្បការចំនួន ៧កន្លែងសម្រេចបាន ១៥%។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១,០៥០ហិកតា រដូវប្រាំងចំនួន ២៥០ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា មានប្រជាពលរដ្ឋប្រមាណ ១,១៩០គ្រួសារបានទទួលផលពីគម្រោងនេះ ៕