ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំទ្វេភាគីរវាងក្រុមការងារអន្តរក្រសួងដើម្បីជំរុញការអភិឌ្ឍផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់ចិន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីដឹកនាំកិច្ចប្រជុំលើកទីមួយ នៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបន្តដឹកនាំប្រជុំទ្វេភាគី រវាងក្រុមការងារអន្តរក្រសួងដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូ នៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន(NDRC) ដែលដឹកនាំដោយលោកស្រី ចាំង ជានហ័រ អគ្គនាយករង នៃនាយកដ្ឋានវិនិយោគក្រៅប្រទេស។ កិច្ចប្រជុំនេះមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។
កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងពិភាក្សាបន្ថែមលើគម្រោងផ្លូវនៅកម្ពុជា ផែនការមេអភិវឌ្ឍន៍ផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងឯកឧត្តម កុង លៀង អនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ៕