នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីថ្មី
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរតនគិរី នាព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី ដោយមានការអញ្ជើញចូលរូមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត អ្នកឧកញ៉ា មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។
ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី សោ សាវឿន។
ឆ្លៀតឱកាសនេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជាគ្រប់គ្រងកងរាជអាវុធហត្ថខេត្តរតនគិរី សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ៕