សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករក្រុមបាល់ទាត់តារាកម្ពុជា ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក៏ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នាថ្ងៃទី២៥ មេសានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ក្នុងន័យដើមទាំងស្រុងដូចខាងក្រោម៖
«ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។
អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និង
ដើម្បីប្រម៉ូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។
សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។
សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន២០០លានរៀល។
ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១»៕