សាកលវិទ្យាល័យជាតិមានជ័យ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមគ្នារៀបចំវេទិកាស្តីពី«គោលការណ៍ចិនតែមួយ»
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាតុមូលស្តីពី«គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់មន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត តំណាងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ តំណាងយុវជនសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ តំណាងយុវជនក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ តំណាងយុវជនកាយឫទ្ធិ និងនិស្សិតសាកលវិទ្យាល័យជាតិមានជ័យសរុប១៥០រូប។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបថា ការរៀបចំវេទិកាតុមូលនាថ្ងៃនេះ ក្នុងគោលបំណងចំនួន៤៖ ទី១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពី«គោលការណ៍ចិនតែមួយ» ទី២-ពង្រឹងសមត្ថភាពលើការចែករំលែកនិងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោកនូវខ្លឹមសារសំខាន់នៃសេចក្តីសម្រេចលេខ២៧៥៨របស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ទី៣-ពង្រីកការគាំទ្រដោយឈរលើសច្ចធម៌ប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំរបស់ប្រទេសចិនដែលបានគូសរំលេចថា«តៃវ៉ាន់គឺជាផ្នែកមួយដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសចិន ហើយ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន» និងទី៤-ចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនងកាន់តែល្អប្រសើរដោយឈរលើស្មារតីគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក។
ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពក្លាហាននិងពុទ្ធិដ៏ច្បាស់លាស់ស្តីពីប្រវត្តិសាស្ត្រចិនតាមរយៈបទបង្ហាញនិងការឆ្លើយសំណួរយ៉ាងក្បោះក្បាយរបស់និស្សិត វ៉ាន់ ដួងច័ន្ទ និងនិស្សិត លឹម សុចាន់លីយ៉ា ដែលបានគូសបញ្ជាក់ថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយ «គោលការណ៍ចិនតែមួយ» ដែលជាការគាំទ្រដល់ស្មារតីរួមរបស់អង្គការសហប្រជាជាតិ។
លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យក៏បានគាំទ្រប្រសាសន៍របស់លោក គុណ រតនា អភិបាលរងស្រុកអូរជ្រៅ ថា «គោលការណ៍ចិនតែមួយ» ជាគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។
ឆ្លើយតបនឹងសំណួរជាច្រើនរបស់អង្គវេទិកាពីការបោះឆ្នោតនៅតៃវ៉ាន់ លោក ជីវ សារិទ្ធ បានសង្កត់ធ្ងន់ដោយបានដកស្រង់សម្តីរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់ គឺកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនថាការបោះឆ្នោតមានលទ្ធផលយ៉ាងណាទេក៏មិនអាចកែប្រែការពិតជាមូលដ្ឋានដែលពិភពលោកមានប្រទេសចិនតែមួយនោះដែរ ហើយតៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលនេះជាការបញ្ជាក់ច្បាស់ថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ «ប្រទេសមួយ របបពីរ» ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុង និងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គមនិងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឈិម៕