ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងថា ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងខ្លួនខ្ញុំ ផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលនេះ។
ក្នុងឱកាសដ៏មានអត្ថន័យថ្លៃថ្លានាពេលនេះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវគារវកិច្ច ស្វាគមន៍ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តមគណៈអធិបតី ឯកឧត្តម លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ បានអញ្ជើញចូលរួម ក្នុងអង្គពិធីនេះ ដែលបានសបញ្ជាក់នូវការគាំទ្រ យកចិត្តទុកដាក់ និងការលើកទឹកចិត្តយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន អង្គភាពផ្នែកមានសមត្ថកិច្ច និងមន្ត្រីរាជការទាំងអស់នៃខេត្តស្ទឹងត្រែង ក្នុងការចូលរួមបំពេញភារកិច្ចយ៉ាងសកម្មឥតរួញរា រួមចំណែកអនុវត្តនូវ កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយ ថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាបានសុខសន្តិភាព និងបន្តជំរុញ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅធានាបាននូវការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មានភាពរស់រវើក រីកចម្រើនទាំងជីវភាពរស់នៅ និងសុខដុមរមនា ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងពិធីដ៏មានអត្ថន័យ និងសារៈ សំខាន់នេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់លោក ក៏ដូចជាសហការីក្រោមឱវាទ តែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តស្ទឹងត្រែង លើក្របការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើន ដើម្បីជាមូលដ្ឋានសម្រាប់ការបន្តដឹកនាំស្ថាប័នមួយនេះឱ្យកាន់តែជោគជ័យបន្ថែមទៀត ស្របតាមសំណូមពរការងារ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែ ទម្រង់កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែលបានសម្រួចការធ្វើកំណែទម្រង់ ឆ្ពោះទៅ «ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម និងប្រសិទ្ធភាព»។
ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវអំណរសាទរ ប្រកបដោយក្តីជឿទុកចិត្តយ៉ាងកក់ក្តៅ ជាមួយនឹងលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលបានប្រកាសមុខតំណែងនាថ្ងៃនេះ។
ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះចំពោះការ តែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាមន្ត្រីរាជការស៊ីវិល គឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បី ភាពរីកចម្រើនការងារ ហើយក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ និង មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់សភាពការណ៍ ការវិវឌ្ឍថ្មីៗក្នុងប្រទេស ក្នុងតំបន់ និងលើសកលលោក។
ជាមួយមួយនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែង ជាខេត្តមួយដែលស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ មានព្រំដែនជាប់ នឹងខេត្តពីរនៃប្រទេសឡាវមានប្រវែងប្រមាណជា ២៥៧គីឡូម៉ែត្រ ស្ថានភាពសេដ្ឋកិច្ច កំពុងមានការលូតលាស់ឡើងជាបន្តបន្ទាប់ មានប្រជាជនប្រមាណជិត ២០ម៉ឺននាក់ មានមុខរបរភាគច្រើនពឹងផ្អែកតែលើវិស័យកសិកម្មតាមបែបប្រពៃណី ខេត្តមានផ្ទៃដីធំទូលាយ និងសំបូរដោយធនធានធម្មជាតិ ក្នុងនោះក៏ពុំទាន់មានលទ្ធភាពក្នុងការផលិត កែច្នៃធនធានផលិតផលទាំងនោះឱ្យបានច្រើន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាពរស់នៅ និងធ្វើឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពេញ លេញ និងមាននិរន្តរភាពពីធនធានទាំងនោះនៅឡើយ។
ទន្ទឹមនឹងសមិទ្ធផលសម្រេចបានក្នុងខេត្ត ក៏នៅមានបញ្ហាមួយចំនួន ពិសេសការគ្រប់គ្រងធនធានធម្មជាតិ ដោយ មានករណីការចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ បទល្មើស ជលផល សត្វព្រៃ ព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសគ្រឿងញៀន ព្រមទាំងបញ្ហា ប្រឈមពីគ្រោះមហន្តរាយធម្មជាតិរៀងរាល់ឆ្នាំ ដែលត្រូវរួមគ្នាអនុវត្តនូវវិធានការយ៉ាង ម៉ឺងម៉ាត់បំផុត ដើម្បីការពារផលប្រយោជន៍ជាតិ ជីវភាពរស់នៅ សេដ្ឋកិច្ចសង្គម និងបុព្វ ហេតុជាតិ មាតុភូមិ និងប្រជាជន។
ជាមួយនឹងអង្គពិធីដ៏មានអត្ថន័យនេះ និងការធានាបន្តពង្រឹងពង្រីកប្រសិទ្ធភាព ការងារក្នុងជួរកម្លាំងកងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថថ្នាក់ក្រោមនៅ តាមមូលដ្ឋានក្រុង ស្រុក ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងកិច្ចការពារ បម្រើ ឱ្យកាន់តែល្អប្រសើរ មានការជឿទុកចិត្ត ភាពកក់ ក្តៅពីប្រជាជន ឆ្លៀតក្នុងឱកាសនេះ ស្វាយ សំអ៊ាង បានចូលរួមចំណែកជាមតិលើការងារសំខាន់ៗមួយ ចំនួន ដូចខាងក្រោម៖
ទី១-ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ នៅក្នុងចំណោមថ្នាក់ ដឹកនាំអង្គភាពទាំងអស់ និងមន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃ ការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ម្ចាស់ការ សីលធម៌ និងគុណធម៌ប្រកបដោយវិជ្ជាជីវៈរបស់មន្ត្រីកងកម្លាំងក្នុងការបំពេញតួនាទី ភារកិច្ច ទៅតាមឋានានុក្រម បទបញ្ជា និងការកំណត់ជាធរមាន។
ទី២-ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជារដ្ឋាភិបាលកម្ពុជា ការដឹកនាំអនុវត្តការដ្ឋាននៃ គោលនយោបាយនានា រួមទាំងគោលការណ៍ និងយុទ្ធសាស្ត្រដឹកនាំដែលបានកំណត់ដាក់ចេញ ទន្ទឹមគ្នាប្រយុទ្ធប្រឆាំងឱ្យបានជាដាច់ខាតចំពោះភាពអសកម្ម ជាពិសេសត្រូវ ចូលរួមទប់ស្កាត់ឱ្យខាងតែបាននូវអំពើពុករលួយ ដើម្បីផ្តល់ភាពយុត្តិធម៌ ត្រឹមត្រូវ ជូន សង្គមជាតិ និងប្រជាជន។
ទី៣-ត្រូវយកចិត្តទុកដាក់អនុវត្តតាមបទប្បញ្ញត្តិច្បាប់ ប្រកបដោយការទទួលខុស ត្រូវ ឱ្យមានប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ យកចិត្តទុកដាក់ដឹកនាំអង្គភាពមួយនេះឱ្យមាន ការរីកចម្រើនជាសារវន្ត ត្រូវពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសន្តិសុខសុវត្ថិភាពសង្គម សេចក្តីទុកចិត្ត និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើងនៅក្នុងសង្គម។
ទី៤-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយស្ថាប័ន មន្ទីរអង្គភាព ជំនាញជុំវិញខេត្ត ពិសេសត្រូវបង្កើនកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការល្អ ជាមួយ អាជ្ញាធរខេត្ត និងផ្នែកមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងនគរបាលយុត្តិធម៌ទាំងអស់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយមិនត្រូវ ដុតឱ្យខ្លោចរោចឱ្យឆៅ លើការអនុវត្តច្បាប់ ការកសាងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បង្ការ និងបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យនានា ពិសេសបទល្មើសគ្រឿងញៀន និងមិនជាប់ពាក់ព័ន្ធនឹងបញ្ហា គ្រឿងញៀន ទប់ស្កាត់ការពាររាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ដីធ្លី ធនធានធម្មជាតិ ផ្សេងទៀត ដើម្បីធានាបាននូវកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការពារគណៈប្រតិភូជាតិ និងអន្តរជាតិនានា ក្នុងកម្មវិធីនានាក្នុងដែនសមត្ថកិច្ចឱ្យបាន ជោគជ័យ។
ទី៥-បង្កើតកម្មវិធីហ្វឹកហ្វឺន ហាត់រៀន កសាងសមត្ថភាពកងកម្លាំងឱ្យក្លាយជា ធនធានមនុស្ស និងមូលធនមនុស្សប្រកបដោយសក្តានុពល រួមទាំងសមត្ថភាពក្នុងការ ប្រើប្រាស់បច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) បណ្តាញសង្គម Social Media សម្រាប់ជា ជំនួយដល់ការងារប្រចាំថ្ងៃ និងការទប់ស្កាត់ បង្ក្រាប និងស្រាវជ្រាវបទល្មើសនានា។
ទី៦-ក្នុងនាមជាសមាជិកនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមបន្តពង្រឹង កិច្ចសហការល្អ អនុវត្តគោលការណ៍ បទបញ្ជា និងផែនការទាំងឡាយណាដែលបានដាក់ចេញស្របតាមការបញ្ញត្តិដោយច្បាប់ និងលិខិតបទដ្ឋានគត្តិយុត្តិជាធរមាន ដើម្បី ជាមូលដ្ឋានចាត់តាំងដឹកនាំអនុវត្ត និងសុំការផ្តល់អនុសាសន៍ដឹកនាំតាមការចាំបាច់។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា កងរាជអាវុធហត្ថខេត្ត ព្រមទាំងអង្គភាពចំណុះ យកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងារ របស់ខ្លួន ឱ្យទទួលបានជោគជ័យ តាមបំណងប្រាថ្នារបស់ស្ថាប័ន និងប្រជាជន បានល្អ ប្រសើរជាក់ជាពុំខាន ជាពិសេស គឺអនុសាសន៍ផ្តាំផ្ញើ និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុង ពេលបន្តិចទៀតនេះ។
ជាទីបញ្ចប់ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំង ខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងននៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូមិអមដំណើរ ព្រមទាំងឯកឧត្តមគណៈអធិបតី ឯកឧត្តម លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីនេះ សូមមានសុខ ភាពល្អបរិបូរណ៍ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជោគជ័យគ្រប់ភារកិច្ច និងប្រកបតែ នឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕