ឯកឧត្ដមទេសរដ្ឋមន្ត្រី ថោង ខុន ផ្ដល់អនុសាសន៍ ៤ចំណុច ជំរុញឱ្យការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប-អង្គរ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍៤ចំណុចដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ សម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ពិសេសពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍សៀមរាប-អង្គរ ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលនីតិកាលទី៧។
ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួន៖
ទី១. ស្នើជំរុញរៀបចំរចនាសម្ព័ន្ធ យន្តការការងារឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្មារតី អនុក្រឹត្យលេខ៥១ អនក្រ.បក ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដោយត្រូវរៀបចំឱ្យបានរហ័សនូវរបៀបរបបការងាររបស់ គ.អ.ទ.ស. ក្នុងនោះត្រូវរៀបចំលេខាធិការដ្ឋានឱ្យបានរួចរាល់ ហើយលេខាធិការដ្ឋាននឹងជួយជាសេនាធិការក្នុងការរៀបចំ គណៈប្រតិបត្តិ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៦ ពិសេសនៅតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដោយត្រូវរៀបចំសមាសភាពឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។
ទី២. ស្នើរៀបចំធ្វើបច្ចុប្បន្នភាព និងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ដោយត្រូវមានផែនការតាមតំបន់អាទិភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក។
ទី៣. ស្នើជំរុញការពង្រឹងគុណភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍អាទិភាពនៅក្នុងខេត្តសៀមរាប ដោយត្រូវយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។
ទី៤. លេខាធិការដ្ឋានត្រូវរៀបចំបណ្តុះបណ្តាលអំពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្ត ក្រុង ស្រុក អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងសហគមន៍មូលដ្ឋាន៕