ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ រយៈពេល ៤ថ្ងៃ នៅទីក្រុងព្រុចសែល
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ (12th Cambodia-EU Joint Committee) និង កិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៤ ថ្ងៃ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានធ្វើបទអន្តរាគមន៍ និងចូលរួមកិច្ចពិភាក្សាជាមួយភាគី EU លើប្រធានបទស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អភិបាលកិច្ច និង យុត្តិធម៌ ក្នុងកិច្ចប្រជុំអនុក្រុមទី២ និងកិច្ចប្រជុំពេញអង្គ ដោយផ្តោតលើ៖
១-សិទ្ធិមនុស្ស និងការអនុវត្តច្បាប់
២-សំណុំរឿងនៅតុលាការពាក់ព័ន្ធនឹងសកម្មជននយោបាយ សង្គមស៊ីវីល និង សារព័ត៌មាន
៣-វឌ្ឍនភាពនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និង
៤-គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង សហភាពអឺរ៉ុប EU ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ៕