ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យគម្រោងស្តារឡើងវិញប្រឡាយមេ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តព្រៃវែង
ភ្នំពេញ៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យគម្រោងការងារស្តារឡើងវិញប្រឡាយមេជ័យត្បូង ស្ថិតក្នុងខេត្តកណ្តាល និងប្រឡាយមេទុកស្រូវ ស្ថិតក្នុងខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការនិងក្រុមការងារបានចុះពិនិត្យគម្រោងការងារស្តារឡើងវិញប្រឡាយមេជ័យត្បូងប្រវែង ៥០០០ម៉ែត្រ ការងារសាងសង់សំណង់ទ្វារទឹកចំនួន ១កន្លែង សំណង់លូដោះទឹកចំនួន ៩កន្លែង សំណង់លូចម្លងចំនួន ២កន្លែង សំណង់លូយកទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹកចំនួន ១កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងការងារស្តារប្រឡាយមេជ័យត្បូងសម្រេចបាន ៦៨%។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ប្រឡាយនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីទន្លេតូច ដែលមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅពេលគម្រោងនេះបញ្ចប់អាចធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៤៨០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៣០០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៣០០ហិកតា និងផ្ទៃដីដំណាំរួមផ្សំមួយចំនួន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យគម្រោងការងារស្តារឡើងវិញប្រឡាយមេទុកស្រូវ (ជំហាន២) ដែលរួមមាន ការងារស្តារប្រឡាយមេប្រវែង ៧ ៥០០មែត្រ សំណង់ស្ទាក់ទឹកចំនួន ៣កន្លែង សំណង់លូចម្លងចំនួន ២កន្លែង សំណង់លូយកទឹកចំនួន ៦កន្លែង និងសំណង់លូដោះទឹកចំនួន ៦កន្លែង។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា វឌ្ឍនភាពគម្រោងការងារស្តារប្រឡាយមេទុកស្រូវ ជំហាន២សម្រេចបាន៦៥%។
ឯកឧត្តមបញ្ជាក់ថា ប្រឡាយនេះទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគទៀតពីកសិណហ្លួងព្រះស្តេចកន ដែលមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនក្នុងភូមិចំនួន៦ នៃឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយនៅពេលគម្រោងនេះបញ្ចប់អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៦៧៦ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៣៨០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ៣៨០ហិកតា និងផ្ទៃដីដំណាំរួមផ្សំមួយចំនួន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោង ត្រូវយកចិត្តទុកដាក់លើការងារស្តារប្រឡាយ និងការសាងសង់សំណង់សិល្បការ្យថ្មីឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹកនិងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង ៕