សម្តេចតេជោ ចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានថ្លែងថា សម្តេចតែងចាត់ទុកវិស័យឯកជន គឺជាក្បាលរថភ្លើង ហើយរាជរដ្ឋាភិបាលគ្រាន់តែជាសេដ្ឋវិទូប៉ុណ្ណោះ។
សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មិនមែនជាការចៃដន្យនោះឡើយ ដែលឧកញ៉ាអញ្ជើញសម្តេចធ្វើជាប្រធានកិត្តិយស។ សម្តេចបន្តថា ការអញ្ជើញនេះ បង្ហាញឱ្យឃើញពីការជឿទុកចិត្តលើតួនាទីរបស់ម្តេច។
សម្តេចតេជោ បានបន្ថែមថា តួនាទីរបស់សម្តេចជាប្រធានកិត្តិយសនេះ គឺជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀតដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឧកញ៉ា បាននិងកំពុងដើរតួនាទីសំខាន់ចំនួនពីរ ក្នុងការងារចំនួន៥រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាព ៕