ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ នឹងយាងមកសោយក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន ដែលជាប្អូនពៅ នៅថ្ងៃ២៩ មេសា
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកកម្ពុជានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកសោយក្រយាពេលព្រឹកជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។
សម្តេចតេជោ បានបន្ថែមថា ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែជាការសោយក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា។ បើតាមសម្តេចតេជោ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់ ម៉ាទីន ដែលជាព្រះរាជ្យបុត្រ ហើយសម្តេចតេជោ មានកូនប្រុសទាំងបី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី។
សម្តេចតេជោ បញ្ជាក់ថា ក្រោយការសោយក្រយា សម្តេចនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។
សម្តេចតេជោ បានឱ្យដែរថា ពេលព្រះចៅស៊ុលតង់យាងមកដល់កម្ពុជានាថ្ងៃទី២៩ ខែមេសា សម្តេចនឹងអញ្ជើញទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរទៅកាន់សណ្ឋាគារ។
សម្តេចតេជោ បានបញ្ជាក់ថា ករណីបែបនេះមិនចម្លែកទេព្រះអង្គ ជាមួយសម្តេច ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេចទៅប្រុយណេ ព្រះអង្គបានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូនទៅសណ្ឋាគារផងដែរ៕