សហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងជាមួយក្តីមោទនៈក្រៃលែងចំពោះ “គម្រោងព្រែកជីក ហ្វូណនតេជោ” ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតកសាងឡើងក្នុង នីតិកាលទី៦កន្លងទៅ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និង ទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជំរុញយ៉ាងក្លៀវក្លា និងមោះមុត អនុវត្តឱ្យសម្រេចបាននាពេលខាងមុខនេះ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានយល់ច្បាស់ពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃគម្រោងផ្លូវទឹកដ៏មហិមា ជាប្រវត្តិសាស្ត្ររបស់ព្រះពជាណាចក្រកម្ពុជានេះ ដែលនឹងបម្រើដល់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន ឥតគណនា រួមមាន ការសម្រួលដល់ការដឹកជញ្ជូនក្នុងប្រទេសដោយគ្មានរបាំង នាំឱ្យកាត់បន្ថយថ្លៃដើមផលិតនៃទំនិញ នាំចេញ បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគពីបរទេស ការបង្កើត ឱ្យមានប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រេស្រោចស្រពផ្ទៃដឹកសិកម្មនៅទិសនិរតី និងការបង្កើតជាប្រព័ន្ធរំដោះទឹកជំនន់ជាដើម។
ក្នុងស្មារតីនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញាកសាងព្រែកជីកហ្វូណនតេជោឱ្យលេចចេញជារូបរាងឡើង នាពេលដ៏ខ្លីខាងមុខនេះ ហើយយើងខ្ញុំប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារផលប្រយោជន៍ជាតិ និង ប្រជាជនតាមរយៈគម្រោងដ៏វិសេសវិសាលនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍសង្គមជាតិ ឈានទៅសម្រេចបានទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០ ជាពិសេសកសាងសង្គមជាតិកម្ពុជាមួយប្រកបដោយវឌ្ឍនភាព វិបុលភាព និងកាលានុវត្តភាព ៕