ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ជូនទ្រី ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញអមដំណើរគណៈប្រតិភូដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនភាពថ្មីៗ នៃសមិទ្ធផលក្នុងខេត្តបាត់ដំបងនាពេលនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងអង្គភាព-មន្ទីរពាក់ព័ន្ធជុំវិញខេត្ត។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ហេដ្ឋារចនាសម្ព័ន្ធការងារសំខាន់រួមមាន៖ ទី១)ទំនប់មេប្រវែង៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង៤១៤ម៉ែត្រ ទី៣) រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីជាប្រព័ន្ធធារាសាស្រ្តថ្មីមួយជាប្រវត្តិសាស្រ្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលសាងសង់ប្រើប្រាស់វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ភាគរយ ហើយគម្រោងនេះទទួលបានកម្ចីសម្បទានពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយពេលសាងសង់រួចគម្រោងនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីប្រមាណ ៣៣,០០០ ហិកតា នៅរដូវវស្សា និង ៤,៥០០ហិកតា នៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។
សម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងនូវការកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការដោះស្រាយបញ្ហាទឹក និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹក។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ៕