ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានអញ្ជើញប្រកាស ផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ។
ពិធីប្រកាសនេះធ្វើឡើងនៅស្នងការ ដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់។
តាមសេចក្តីសម្រេចរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានទទួលស្គាល់លោកឧត្តមសេនីយ៍ទោ ខូវ លី ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ហួត សុធី ដែលត្រូវបានផ្លាស់ប្តូរភារកិច្ចថ្មី។
សំណេះសំណាលនាឱកាសនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ពង្រឹង ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បន្តថា «ការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។ ទន្ទឹមនោះ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែង ឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា»។
ជាមួយនេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងាររបស់ខ្លួនឲ្យបាន កាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់តួនាទី របស់អតីតយុទ្ធជនឲ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះបុព្វហេតុប្រទេសជាតិ។
ជាពិសេសសូមឲ្យសមាគមអតីតយុទ្ធជនខេត្តក្រុងស្រុក និងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូន គ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូនឲ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ ប.ស.ស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន៕