គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មនឹងលេងធម៌ក្តៅ លើប្រតិបត្តិករណាដែលមិនធ្វើតាមសេចក្តីណែនាំ
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលហៅកាត់គ.ល.ក. នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ឈានទៅដល់ការដកហូតអាជ្ញាបណ្ណកាស៊ីណូ ចំពោះប្រតិបត្តិករណាមួយដែលមិនអនុវត្តតាមសេចក្តីណែនាំ។
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ តាមរយៈការចូលរួមសហការយ៉ាងពេញទំហឹងជាមួយគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) ក្នុងការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុ មន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការនេះពិនិត្យឃើញថា សកម្មភាពអាជីវកម្មល្បែងភ្នាល់មួយចំនួនក៏អាចមាននៅក្នុងកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណ ពី គ.ល.ក. ផងដែរ។ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានបានដាក់ចេញនូវសេចក្តីណែនាំរួមមាន៖ទី១. ប្រតិបត្តិករ ឬកម្មសិទ្ធករកាស៊ីណូត្រូវពង្រឹងការអនុវត្តតាមសៀវភៅបន្ទុក និងលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានខ្ជាប់ខ្ជួន។ ទី២. ត្រូវសហការពេញទំហឹងជាមួយមន្ត្រីជំនាញរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្នុងការតាមដាននូវរាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) តាមគ្រប់ប្រភេទ គ្រប់រូបភាព និងប្រតិបត្តិការល្បែងភ្នាល់តាមប្រព័ន្ធអនឡាញនៅក្នុងទីតាំងកាស៊ីណូ និងរាយការណ៍ទាន់ពេលជូនមន្ត្រីជំនាញដើម្បីទប់ស្កាត់ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
រីឯអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវចាត់មន្ត្រីជំនាញបន្តចុះតាមដាន និងត្រួតពិនិត្យជាប់ជាប្រចាំលើការអនុវត្តដូចមានក្នុងចំណុច១ និងចំណុច២ខាងលើរបស់ប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូ។ ក្នុងករណីពិនិត្យឃើញប្រតិបត្តិករ ឬកម្មសិទ្ធិករកាស៊ីណូមិនអនុវត្តតាមសេចក្តីណែនាំនេះត្រូវចាត់វិធានការរដ្ឋបាល និងឈានទៅដល់ការដកហូត អាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។ សូមជម្រាបថា ការពង្រឹងយន្តការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) តាមគ្រប់ប្រភេទ និងគ្រប់រូបភាពក្នុងទីតាំងកាស៊ីណូនេះធ្វើទ្បើងយោងទៅតាមព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ៕