សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះឡើយ ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។
សម្ដេចបានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣ ហើយសម្តេចរំពឹងថានឹងមានឱកាសជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណន-តេជោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥ ហើយសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ៕