ក្រសួងបរិស្ថាន ផ្ញើសារលិខិតរំលែកទុក្ខ ផ្ញើជូនក្រុមគ្រួសារយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣
ភ្នំពេញ៖ ខ្ញុំបាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន មានក្តីរំជួលចិត្តជាពន់ពេក ដោយបាន ទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់នៅទីបញ្ជាការភូមិភាគទី៣ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបង្កឱ្យយោធិនចំនួន២០នាក់បានពលីជីវិត និងយោធិនមួយចំនួនរងរបួស។
ក្នុងហេតុការណ៍ដ៏ក្រៀមក្រំនេះ ខ្ញុំបាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន សូម សម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការ បាត់បង់នេះ គឺជាការបាត់បង់នាយទាហ៊ាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលីកម្មបូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃ អវសាននៃជីវិត។
ខ្ញុំបាទថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ យោធិនពលីទាំង២០នាក់ សូមបានទៅកាន់ទីសុគតិភពកុំបីអាក់ខានឡើយ។
សូម លោកលោកស្រីក្រុមគ្រួសារយោធិនពលី ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំបាទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានដោយគារវភក្តី៕