ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ភ្នំពេញ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំមន្ត្រីបច្ចេកទេសចុះសិក្សាគម្រោងសំណង់ស្ទាក់ទឹកក្នុងក្រុងប៉ៃលិន និងចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់សំណង់ទឹកស្ទឹងស្រែអន្ទាក់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកប្រធាននាយកដ្ឋានរួមជាមួយមន្ត្រីបច្ចេកទេស ដោយមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះសិក្សាសំណង់ស្ទាក់ទឹកអូរតាវ៉ៅ១ ស្ថិតក្នុងក្រុងប៉ៃលិន ដែលមានលទ្ធភាពទប់ទឹក ដើម្បីផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋក្រុងប៉ៃលិន និងជាប្រភពទឹកស្រោចស្រពដំណាំហូបផ្លែដូចជា ទុរេន តាង៉ែន និងដំណាំរួមផ្សំផ្សេងៗទៀត នៅតាមអូរតាវ៉ៅនេះ។ គម្រោងនេះមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ៧០០០គ្រួសារ។
ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានក៏បានចុះពិនិត្យវឌ្ឍនគម្រោងសាងសង់សំណង់ទឹកស្ទឹងស្រែអន្ទាក់ ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៣០% ក្នុងនោះការងារសាងសង់ទំនប់សណ្តសងខាងស្ទឹងស្រែអន្ទាក់ប្រវែង ១០០០ម៉ែត្រ សម្រេចបាន១៥% និងការងារសាងសង់សំណង់ស្ទាក់ទឹកស្ទឹងស្រែអន្ទាក់ ១កន្លែង សម្រេចបាន៤០% ។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៥៥ហិកតា និងរដូវប្រាំងចំនួន ២១៥ ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ២១៤០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ១១៩០គ្រួសារ ៕