សម្តេចតេជោ សម្រេចដកថវិកា១លានដុល្លារ ដែលសប្បុរសជន ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅជួយមន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានសម្រេចដកថវិកា១លានដុល្លារ ដែលបានមកពីសប្បុរសជននានា ចូលរួមវិភាគទានដល់កីឡាបាល់ទាត់សប្បុរសធម៌ យកទៅឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង និងគ្រួសារយោធិនពលីក្នុងករណីផ្ទុះគ្រាប់
តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះ បានចូលរួមតាមរយៈខ្ញុំមានជាង 4,8លានដុល្លារ (4,800,000$)»។
សម្តេចបានបន្ថែមថា៖ «ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះ ខ្ញុំសូមដកថវិកាចំនួន១លានដុល្លារ(1,000,000$)ដើម្បីបែងចែកទៅ៖
១.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន៥០មុឺនដុល្លារ (500,000$)។
២.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនខេត្តកំពង់ស្ពឺ ៣០មុឺនដុល្លារ(300,000$)។
៣.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារ១មុឺនដុល្លារ (10,000$)សរុប២០មុឺនដុល្លារ(200,000$)»។
ឯថវិកាក្រៅពី១លានដុល្លារនេះសម្តេចនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ៕