កម្ពុជា ប្តេជ្ញាចិត្តប្រកបដោយមហិច្ចតាចំពោះការចូលរួមយ៉ាងសកម្មដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែង នៅក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោនយោបាយឆ្លើយតប» នាទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ថា ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយមហិច្ចតា ចំពោះការចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ និងវិធានការក្នុងប្រទេស រួមមាន៖
-ការលុបចោលគម្រោងផលិតថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់។
-បង្កើនការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញ ដូចជាថាមពលពីបន្ទះស្រូបពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងខ្យល់ ឱ្យបាន៧០% នៅឆ្នាំ២០៣០ ដែលជាចំនួនទ្វេដងនៃស្តង់ដារអាស៊ានដែលបានកំណត់សម្រាប់ឆ្នាំ២០២៥។
-មិនបន្តអនុញ្ញាតសាងសង់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។
-អនុវត្តយុទ្ធសាស្ត្រកម្ពុជាស្អាត ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាបណ្តើរៗ និងរៀបចំកាកសំណល់រឹង និងរាវឱ្យបានត្រឹមត្រូវ។
-អនុវត្តយុទ្ធសាស្ត្រ កម្ពុជាបៃតង ដោយដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ជាមួយនឹងគោលដៅពង្រីកគម្របព្រៃឈើដល់ ៦០ភាគរយនៅឆ្នាំ២០៥០ ៕