នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ក្រោយថ្ងៃរំដោះ៧មករា កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំ និងបានកំណត់ជាថ្ងៃឈប់សម្រាកទូទាំងប្រទេស
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តប្តេជ្ញាយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត ទាំងអស់ដែលបម្រើការងារនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងតាមបណ្តារោងចក្រទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ត្រូវបានប្រារព្ធឡើងទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកឡើងវិញអំពីភាពជោគជ័យ របស់ពលករកាលពី១៣៨ឆ្នាំមុនដែលទាមទារឱ្យមានការទទួលស្គាល់តម្លៃនៃពលកម្ម និងគោរពតាមលក្ខខណ្ឌស្មើភាពក្នុងការប្រកបការងារគ្រប់ប្រភេទ ដោយគ្មានការរើសអើង។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយឡែកនៅកម្ពុជាវិញ ក្រោយថ្ងៃតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានប្រារព្ធទិវាពលកម្មអន្តរជាតិ ០១ ឧសភា ជារៀងរាល់ឆ្នាំដោយបានកំណត់ ជាថ្ងៃបុណ្យការងាររបស់ប្រជាពលរដ្ឋ ជាថ្ងៃឈប់សម្រាករបស់មន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិត និងសហជីពទាំងអស់នៅទូទាំងប្រទេស ៕