សម្តេចធិបតី បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមកិច្ចអន្តរាគមន៍ជួយដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា។
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រយៈពេលប៉ុន្មានថ្ងៃនេះសីណ្ហភាពបានឡើងកម្តៅជាខ្លាំងនៅទូទាំងពិភពលោក ខណៈកម្ពុជាក៏កំពុងជួបប្រទះនឹងបញ្ហារលកកម្តៅនេះផងដែរ។ សម្តេចក៏បានឱ្យគោលការណ៍ទៅក្រសួង ស្ថាប័នជំនាញ ជាពិសេសអាជ្ញាធរមូលដ្ឋាន ប្រុងប្រយ័ត្នលើករណីភ្លើងឆេះ បញ្ហាកង្វះទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍ជាបន្ទាន់ចំពោះករណីនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំសូមឱ្យឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ អគ្គស្នងការ គឺត្រៀមកម្លាំងនៅតាមទីកន្លែងដែលអាចត្រៀមអន្តរាគមន៍ ក្នុងករណីដែលរដូវប្រាំងមិនមានភ្លៀងយូរជាងនេះ ហើយបើតាមឧត្តុនិយម គឺគាត់ធានាថានៅដើមខែប្រាំនេះនឹងមានភ្លៀង អីឡូវយើងមានធ្លាក់ប្រមាណ១០ខេត្តហើយ អ៊ឹចឹងគឺសុំយកចិត្តទុកដាក់លើកិច្ចការងារនេះ» ៕