សម្តេចធិបតី៖ កម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលទេ តែត្រូវគិតគូរលើការផលិតផ្នែកណាមួយ ដើម្បីបង្កើនផលិតភាពផលិតកម្ម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនចាំបាច់ផលិតយន្តហោះទាំងមូលនោះទេ តែបើផ្នែកណាមួយនៃយន្តហោះយើងអាចផលិតបាននៅកម្ពុជា ធ្វើយ៉ាងណាដើម្បីបង្កើនផលិតភាពផលិតកម្មរបស់កម្ពុជា។
នាឱកាសអញ្ជើញសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាអត់ចង់ចាំបាច់ត្រូវការផលិតទាំងមូលនៅកម្ពុជាទេ តែយើងអាចផលិតចាប់ផ្តើមពីផ្នែកណាមួយនៃធាតុចូល កម្ពុជាមិនចាំបាច់ផលិតយន្តហោះ តែបើផ្នែកណាមួយនៃយន្តហោះយើងអាចផលិតបាននៅកម្ពុជា សូម្បីតែពូកមួយ ឫខ្សែក្រវ៉ាត់ ក៏អាចបង្កើតផលិតភាពរបស់យើង ហើយរថយន្តក៏ដូចគ្នា»។
សម្តេចធិបតី មានប្រសាសន៍ថា នេះគឺជាអ្វីដែលជាគោលដៅយុទ្ធសាស្ត្រ ដែលយើងបានដាក់ចេញរួចហើយ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា ហើយយើងនឹងបន្តកែរសម្រួល និងបន្តធ្វើទៅមុខទៀត។ កិច្ចការងារនេះដែររាជរដ្ឋាភិបាលក៏បានសម្រួចច្រើនអាណត្តិមកហើយ គិតចាប់ពីយុទ្ធសាស្ត្រចតុកោណ ហើយឥលូវមកដល់យុទ្ធសាស្ត្របញ្ចកោណ ហើយនឹងបន្តជំរុញបន្ថែមទៀត។
សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនដំឡើងរថយន្តតូយ៉ូតា បន្តពិនិត្យនូវសក្តានុពលបន្ថែមទៀត ជាពិសេសទទឹមនឹងការនាំចូលនូវសម្ភារៈ ឧបករណ៍សម្រាប់ដំឡើងយានយន្តហើយនោះ សូមបន្តពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដែលក្រុមហ៊ុនឈានទៅការបង្កើតក្រុមហ៊ុនផលិត ខ្ចៅ ធ្វើពូក សម្រាប់ផ្គត់ផ្គង់ដល់ការដំឡើងរថយន្តនៅក្នុងស្រុកតែម្តង ដោយមិនចាំបាច់នាំចូលមកពីក្រៅប្រទេសផងដែរ៕