សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្លាក់ចំណូលពន្ធគយ ពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការធ្លាក់ចំណូលពន្ធគយពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញដល់ប្រជាពលរដ្ឋខ្មែរ ហើយនៅពេលដែលក្រុមហ៊ុនលក់រថយន្តបានប្រាក់ចំណូលនោះ នឹងបង់ពន្ធជូនរដ្ឋ តាមរយៈពន្ធដារ។
ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ គូសបញ្ជាក់ថា «រថយន្តបង្កើតដោយក្រុមហ៊ុន Toyota បង្កើតនៅទីនេះ អត់យកពន្ធនាំចូល អាចលក់បានថ្លៃសមរម្យ ប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីដែលផលិតក្នុងស្រុកយើងតម្លៃសមរម្យ នេះគឺជាអ្វីដែលខ្ញុំនិយាយថា ឯកឧត្តម គុណ ញឹម កុំអន់ចិត្ត គង់តែចូលមកឯកឧត្តម គង់ វិបុល ទេ ព្រោះពេលដែលរថយន្តដើរ លក់ផលិតផលប្រជាជនទិញច្រើន ចំណូលដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនបង់ពន្ធចូលមកវិញ»។
សូមជម្រាបថា ចំណូលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រជាប្រភពចំណូលចំបង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្ត រួមចំណែក ៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ហើយមកដល់ឆ្នាំ២០២៣ ចំណូលគយបានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានជាង ២២០លានដុល្លារ ឬស្មើនឹង ៣១.១% នៃចំណូលសរុប៕