មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ត្រៀមកម្លាំង រថយន្ត ស៊ីទែនទឹក និងសម្ភារៈរួចជាស្រេចដើម្បីត្រៀមអន្តរាគមន៍ ជួយដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់
ភ្នំពេញ៖ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការស្តីទី តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានត្រៀមកម្លាំង រថយន្ត ស៊ីទែនទឹក និងសម្ភារៈរួចជាស្រេចសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងរដូវប្រាំងដែលសីតុណ្ហភាពឡើងលើសជាង៤០អង្សាសេ។
គួរបញ្ជាក់ថាកន្លងមកតំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោងព្រមទាំងរថយន្ត និងសម្ភារៈ ដើម្បីចុះជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយ ឬយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រទទួលខុសត្រូវបានទាន់ពេលវេលាផងដែរ៕