សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ចំពោះមរណភាព ឯកឧត្តម ជាវ តាយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនចំពោះលោកជំទាវ លាង ហៃ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្ដីក្ដុកក្ដួលរន្ធត់ឥតឧបមា និងសោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកណ្តាល កំពត និងខេត្តពោធិ៍សាត់ ត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ បានទទួលមរណភាព នៅវេលាម៉ោង១រសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៧ឆ្នាំ ដោយរោគាពាធ។
ក្នុងសារលិខិតនេះបានសរសេរថា៖ ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមីឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។
មរណភាពរបស់ ឯកឧត្តម ជាវ តាយ គឺជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់ និងជាធនធានមនុស្សមួយរូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយបទពិសោធ និងឆន្ទៈមនសិការស្នេហាជាតិមោះមុតដោយបានរួមចំណែកក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជារៀងរហូតមក។
ក្នុងវេលាប្រកបដោយក្តីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួមរំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំង ញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសពដោយសេចក្តីសង្វេគជាទីបំផុត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ និងក្រុមគ្រួសារ នៃសពទទួលនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ បំផុត និងដោយសេចក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕