ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹកដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផលវិស័យធនធានទឹក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្តល់អនុសាសន៍ណែនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ក្នុងការត្រៀមរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផលវិស័យធនធានទឹក ក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអគ្គាធិការ លោកប្រធាន អនុប្រធាននាយកដ្ឋានចំណុះក្រសួងទាំងអស់ និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីក្រសួង និងមន្ទីរជាច្រើនរូបផងដែរ។
អង្គប្រជុំបានណែនាំឱ្យមន្ទីរ៖ ទី១)រៀបចំស្តង់ពិព័រណ៍ តាមទីតាំង និងតាមប្លង់ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានកំណត់ជូនឱ្យមានសោភ័ណភាពល្អប្រសើរ ទី២)តុបតែង និងដាក់តាំងរូបភាព គោលនយោបាយទឹក ឧបករណ៍ឧតុនិយម ជលសាស្ត្រ សមិទ្ធផលនានា ដែលក្រសួងសម្រេចបានកន្លងមក និងពាក្យស្លោកដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិកំណត់ឱ្យប្រើ ទី៣) ប្រមូលចងក្រងរូបភាពសកម្មភាពរបស់ថ្នាក់ដឹកនាំពេលបំពេញបេសកកម្ម និងរូបភាពសមិទ្ធផលនានាដែលក្រសួងបាន និងកំពុងអនុវត្ត ព្រមទាំងក្រាហ្វិក និងទិន្នន័យដែលពាក់ព័ន្ធនឹងវិស័យធនធានទឹកនៅខេត្តកំពង់ស្ពឺ ដើម្បីដាក់បង្ហាញក្នុងស្តង់ពិព័រណ៍ និងទី៤)រាយការណ៍ពីសកម្មភាពការងាររៀបចំស្តង់ពិព័រណ៍ និងលទ្ធផលការងារក្រោយពីបញ្ចប់ព្រះរាជពិធី ជូនឯកឧត្តមរដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំបានណែនាំឱ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ត្រៀមលក្ខណៈ រៀបចំចាត់តាំងក្រុមយាមប្រចាំការ នៅស្តង់ពិព័រណ៍របស់មន្ទីរឱ្យបានល្អតាំងពីមុនពេលចាប់ផ្តើមព្រះរាជពិធីរហូតដល់ចប់ព្រះរាជពិធី។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នៅទីព្រះស្រែ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាសប្រចាំឆ្នាំរបស់ប្រជារាស្រ្តខ្មែរ ដែលប្រព្រឹត្តិឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្អុរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់៕