សម្តេចធិបតី៖ ប្រព័ន្ធបញ្ជរតែមួយជាតិជួយឱ្យចំណេញពេល កាត់បន្ថយចំណាយ និងមិនចាំបាច់ត្រូវរត់ការពីស្ថាប័នមួយទៅស្ថាប័នមួយទៀតទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នារបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងអនុវត្តន៍ការងារតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើការរួមគ្នាប្រកបដោយជោគជ័យនេះក៏បានហុចផលដល់វិស័យឯកជន និងទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិមានដូចជា ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ៕