សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឲ្យបានឆាប់ ចំពោះក្រសួង-ស្ថាប័ន ដែលបានចូលរួមរួចហើយ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារ ឲ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់»។
សម្តេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្ន មានក្រសួង-ស្ថាប័នចំនួន១៦ បានចូលរួមអនុវត្តប្រព័ន្ធនេះ ខណៈដែលនៅសល់ជាងពាក់កណ្ដាលទៀត ដែលមិនទាន់បានចូលរួម ដូច្នេះធ្វើយ៉ាងម្ដេច ជំរុញកិច្ចការងារនេះ ឲ្យបានលឿន ដើម្បីចូលរួម អនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។ សម្តេចថា អាណត្ដិនេះ រាជរដ្ឋាភិបាល ដាក់អភិក្រមពង្រឹង ជាងជាពង្រីក, ពង្រឹងសមត្ថភាព ក្នុងការផ្ដល់សេវាសាធារណៈ និងពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់គណៈកម្មាធិការ ដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ធុរជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើវិស័យឯកជនចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឲ្យបានជាអតិបរមាពីប្រព័ន្ធបញ្ហារតែមួយជាតិនេះ និង ចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែលម្អឲ្យកាន់តែប្រសើរ ៕